សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

អាជ្ញាធរសង្កាត់ចាក់អង្រែក្រោមរងការចោទថា​រារាំង​ដល់​កិច្ច​ប្រជុំ​របស់​ពលរដ្ឋ

ពីវិទ្យុអាស៊ីសេរី ថ្ងៃទី១៤ ខែវិចិ្ឆការ ឆ្នាំ២០១២

ដោយ វិជ័យ អានន្ទ

មន្ត្រី ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាយឌៀរ (Idea) ចោទ​ប្រកាន់​អាជ្ញាធរ​សង្កាត់​ចាក់អង្រែក្រោម ថា បង្ក​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​កិច្ច​ប្រជុំ​របស់​ពលរដ្ឋ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​កិច្ច​ប្រជុំ​មួយ នៅ​មជ្ឈមណ្ឌល​ម៉ូឌឺន (Modern) សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​លើក​ពី​បញ្ហា​សិទ្ធិ​សេរីភាព​កម្មករ និង​ទុក្ខ​លំបាក​មួយ​ចំនួន ដែល​ពួក​គេ​បាន​ជួប​ប្រទះ​សម្រាប់​ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​ទៅ​ក្នុង​ កិច្ច​ប្រជុំ​អាស៊ាន។

កិច្ច​ប្រជុំ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ត្រូវ​ផ្អាក​ទៅ​វិញ​នៅ​ពាក់​កណ្ដាល​ទី បន្ទាប់​ពី​ម្ចាស់​មជ្ឈ​មណ្ឌល​ម៉ូឌឺន២ បាន​បិទ​ភ្លើង និង​ហាម​ឃាត់​មិន​ឲ្យ​ប្រជុំ​ជា​បន្ត។

មន្ត្រី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ញូង មុន្ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា ថា កិច្ច​ប្រជុំ​មួយ​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៣០០​នាក់ ត្រូវ​ផ្អាក​នៅ​វេលា​ម៉ោង ១១​ថ្ងៃ​ត្រង់។ លោក​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កិច្ច​ប្រជុំ​នេះ​ត្រូវ​ផ្អាក​ទៅ​វិញ​នោះ ដោយ​សារ​ម្ចាស់​មជ្ឈ​មណ្ឌល​ម៉ូឌឺន២ បាន​បិទ​ភ្លើង និង​ហាម​ឃាត់​ពួក​គាត់​កុំ​ឲ្យ​បន្ត​កិច្ច​ប្រជុំ​ជា​បន្ត​ទៀត។ លោក​បញ្ជាក់​ថា នៅ​ពេល​លោក​សួរ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បញ្ឈប់​ការ​ជួប​ប្រជុំ​គ្នា​នោះ ម្ចាស់​ហាង​បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ពួក​គាត់។

តែ​ទោះ​យ៉ាង​ណា លោក​អះអាង​បន្ថែម​ថា ទង្វើ​របស់​ម្ចាស់​មជ្ឈ​មណ្ឌល​នេះ រង​សម្ពាធ ឬ​ការ​បំភ័យ​ពី​សំណាក់​អាជ្ញាធរ ព្រោះ​ស្រប​ពេល​ប្រជា​សហគមន៍​កំពុង​ជួប​ប្រជុំ​គ្នា​នោះ អាជ្ញាធរ​ប៉ូលិស​ចំនួន ៣​នាក់​បាន​មក​ចូល​រួម​អង្គុយ​ស្ដាប់​នៅ​ក្នុង​កិច្ច​ប្រជុំ ក្រោយ​មក​នៅ​ម៉ោង ១១​ថ្ងៃ​ត្រង់ មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចាក់អង្រែក្រោម បាន​មក​ហាម​ឃាត់​ពួក​គាត់​កុំ​ឲ្យ​បន្ត​កិច្ច​ប្រជុំ។ កិច្ច​ប្រជុំ​នេះ​នឹង​បន្ត​ដំណើរ​របស់​ខ្លួន​រហូត​ដល់​ម៉ោង ៥​រសៀល ថ្ងៃ​ទី១៤ វិច្ឆិកា បើ​សិន​មិន​មាន​ការ​រំខាន​ទេ​នោះ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ប្រធាន​ប៉ុស្តិ៍​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ លោក ឡោ លីណូ បដិសេធ​ថា លោក​មិន​បាន​ហាម​ឃាត់​ការ​ជួប​ជុំ​គ្នា​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ទាំង​នោះ​ឡើយ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ ដោយ​សុំ​ឲ្យ​ទាក់​ទង​ទៅ​ចៅ​សង្កាត់ ដើម្បី​បញ្ជាក់​ពី​រឿង​នេះ៖ «អត់​មាន​អ្នក​ណា​ហាម​ឃាត់​ផង បង​សួរ​ទៅ​ចៅ​សង្កាត់​ទៅ​បង»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក​ចៅ​សង្កាត់​ចាក់អង្រែក្រោម ដើម្បី​សុំ​ការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា។

នៅ​ថ្ងៃ​ទី១៤ វិច្ឆិកា អង្គការ​សង្គម​ស៊ីវិល​បាន​រៀបចំ​កិច្ច​ប្រជុំ​លើ​ប្រធាន​បទ​ខុស​គ្នា​ចំនួន​ ១២ ដែល​ធ្វើ​ឡើង​នៅ​កន្លែង​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ទីក្រុង​ភ្នំពេញ។

កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បាន​ជួប​ប្រជុំ​គ្នា​ធ្វើ​សមាជ​ប្រជាជន​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​មាន​ពលរដ្ឋ​មក​ពី​តំណាង​សហគមន៍​ទូទាំង​ប្រទេស​ប្រមាណ ២ពាន់​នាក់ បាន​ចូល​រួម។

វត្ថុ​បំណង​នៃ​ការ​ប្រជុំ​គ្នា​នេះ គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ផ្សេងៗ​ដែល​ពលរដ្ឋ​បាន​ជួប​ប្រទះ និង​យក​ទៅ​សរសេរ​ជា​របាយការណ៍​ដាក់​ជូន​ទៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន តាម​រយៈ​ក្រសួង​ការ​បរទេស ក្នុង​បំណង​ឲ្យ​ពួក​គេ​លើក​បញ្ហា​នេះ​យក​ទៅ​ពិភាក្សា។

តែ​ទោះ​យ៉ាង​ណា ការ​ជួប​ប្រជុំ​គ្នា​នោះ ត្រូវ​បរាជ័យ ដោយ​សារ​អាជ្ញាធរ​បង្ក​ការ​លំបាក​ដល់​អ្នក​ចូល​រួម ដោយ​ប្រើ​រូបភាព​បំភ័យ​ម្ចាស់​ភោជនីយដ្ឋាន និង​ម្ចាស់​កន្លែង​ជួល​ផ្សេងៗ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ មាន​ប្រសាសន៍​ថា ម្ចាស់​ភោជនីយដ្ឋាន​ស្ទឹងមាស បាន​បិទ​ភ្លើង និង​សុំ​ឲ្យ​ពួក​គាត់​បញ្ឈប់​កិច្ច​ប្រជុំ។ លោក​អះអាង​បន្ថែម​ថា ឥរិយាបថ​របស់​ម្ចាស់​ភោជនីយដ្ឋាន​ដែល​បាន​ស្ដែង​ចេញ​នេះ ដោយ​សារ​គាត់​រង​ការ​បំភ័យ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន៖ «អាជ្ញាធរ​គេ​ ថា​ឲ្យ​យើង​ធ្វើ ឲ្យ​ម្ចាស់​ហាង​ចុះ ក៏ប៉ុន្តែ​ប្រសិន​បង​មាន​បោក​គ្រប់​បែក មាន​កាប់​គ្នា​ក្នុង​ហ្នឹង ម្ចាស់​ហាង​ខ្លួន​ឯង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ អាជ្ញាធរ​ភាសា​គាត់​ឲ្យ​យើង​ធ្វើ​មែន ក៏ប៉ុន្តែ​វា​មាន​ភាសា​មួយ​ហាក់​បី​ដូច​ជា​គំនាប​ទៅ​ម្ចាស់​ហាង​រួច​ស្រេច​ បាច់​ទៅ​ហើយ»។

លោក វ៉ន ពៅ អះអាង​បន្ថែម​ថា នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា នោះ​ដែរ ពលរដ្ឋ​តំណាង​សហគមន៍​ប្រមាណ ៥០​នាក់ ដែល​បាន​ចូល​រួម​កម្មវិធី​សមាជ​ប្រជាជន ត្រូវ​រង​ការ​បណ្ដេញ​ចេញ​ពី​សំណាក់​ម្ចាស់​ផ្ទះ​សំណាក់​សោភា ស្ថិត​នៅ​សង្កាត់​ទំនប់​ទួលគោក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ទាំង​កណ្ដាល​យប់។ ទោះ​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា ទង្វើ​របស់​អាជ្ញាធរ​ដែល​បង្ក​ការ​លំបាក​ដល់​អ្នក​ចូល​រួម​សមាជ​ប្រជាជន​នេះ គឺ​ជា​ចេតនា​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា និង​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ លោក​អះអាង​ថា រដ្ឋាភិបាល​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​ទង្វើ​របស់​មន្ត្រី​ក្រោម​ឱវាទ ព្រោះ​ប្រការ​នេះ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន៕

http://www.rfa.org/khmer/indepth/police_ban_civil_society_from_grouping-11142012074611.html

Information

This entry was posted on November 16, 2012 by in EVENTS, KHMER, PHNOM PENH.

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13, 2012
Together people are the power!