សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

សេចក្តីប្រកាស​ព័ត៌​មាន​បន្ទាន់ និង​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​សមាជ AGPA – ថ្ងៃទី​១៥ ខែ​វិចិ្ឆកា

សេចក្តីប្រកាសព័ត៌មានជាបន្ទាន់របស់ APGA

ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី​១៥ ខែ​វិចិ្ឆការ ឆ្នាំ​២០១២៖ សមាជ​ប្រជាជន​អាស៊ាន (AGPA) បាន​ធ្វើឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​នៅចំ​កណ្តាល​រាជធានី​ភ្នំពេញ។ ទោះជា​មាន​វត្តមាន​ដ៏ច្រើន​នៃ​កង​កម្លាំង​ប៉ូលីស និង​អាកាស​ធាតុ​អាក្រក់​ក៏ដោយ ក៏មាន​អ្នក​ចូលរួម ២.០០០ នាក់ មក​ចូលរួម​នៅក្នុង​សមាជនេះ ដែលផ្តោត​ទៅលើ​ការព្រាង​នូវ​សេចក្តី​ថ្លែង​ការណ៍រួម ដែល​នឹង​ត្រូវផ្ញើ​ទៅ​រដ្ឋាភិបាល​អាស៊ាន និង​រាជ​រដ្ឋាភិបាល​កម្ពុជា។

សមាជ​ចាប់ផ្តើម​នៅម៉ោង ៧៖៣០ នាទី ដោយមាន​ការ​ជួបជុំគ្នា។ អស់ពេល​ពេញ​មួយថ្ងៃ ពួក​គេ​ជួបជុំ​គ្នា ច្រៀង​ចម្រៀង រាំ និង​មានការ​សម្តែង​ផ្សេងៗ​ជាច្រើន។ មានក្រុម និង​បណ្តាញ​ផ្សេងៗ ដែល​បង្កើត​បានជា​បណ្តាញ​គ្រប់ផ្នែក​នៃ​ប្រជាជន​កម្ពុជា និង​អ្នករៀបចំ​កម្មវិធី​របស់​ AGPA ក៏បាន​ផ្លាស់វេន​គ្នា​ធ្វើបទ​បង្ហាញ​អំពី​លទ្ធផល​នៅក្នុង​សិក្ខា​សាលា​កាលពី​ម្សិលមិញ (រួម​មាននូវ​អ្វី​ដែល​ពួកគេ​ចង់ឲ្យ រាជរដ្ឋា​ភិបាល​កម្ពុជា និង​សមាជិក​ដទៃទៀត​របស់​អាស៊ាន​ដោះ​ស្រាយ​អំពី​ការ​ព្រួយបារម្ភ​ខុសៗគ្នា​របស់​ពួកគេ។

លោក វ៉ន ពៅ អ្នក​រៀបចំ​កម្មវិធី​ម្នាក់​នៃ​អ្នករៀបចំ​ស្នូល​នៃ​ព្រឹត្តិការណ៍ AGPA បាន​ពន្យល់​នូវ​ហេតុផល​ដែល​ពួកគេ​ព្រាង​សេចក្តី​ថ្លែង​ការណ៍ថា៖ “យើងខ្ញុំ ជាអ្នក​តំណាង​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅថ្នាក់​មូលដ្ឋាន មិនមាន​ការ​សប្បាយ​ចិត្ត​នោះ​ទេ។ វាហាក់​ដូចជា​រាជ​រដ្ឋាភិបាល​ព្យាយាម​បិទបាំង​ការពិត​អំពី​អំពើ​អាក្រក់​ដែល​ត្រូវបាន​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​របស់​ខ្លួន។ រាជ​រដ្ឋាភិបាល​កម្ពុជា មិនបាន​គោរព​តាម​គោល​ការណ៍​អាស៊ាន រដ្ឋ​ធម្មនុញ្ញ និង​គោល​ការណ៍​នីតិរដ្ឋ​នោះទេ”។

ក្នុងអំឡុង​ពេល​សមាជ សេចក្តី​ថ្លែង​ការណ៍​ពីរ ត្រូវបាន​ផ្សាយ​ដល់​អ្នក​ចូលរួម។ សេចក្តីថ្លែង​ការណ៍​ទីមួយ និយាយ​អំពី​សំណើរ​សម្រាប់​អាស៊ាន ដែល AGPA គ្រោងនឹង​លើក​ឡើង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​នា​ថ្ងៃស្អែក។ សេចក្តី​ថ្លែង​ការណ៍​ទីពីរ គឺជា​សំណើរ​សម្រាប់​រាជរដ្ឋា​ភិបាលកម្ពុជា។ សេចក្តី​ថ្លែង​ការណ៍​ទាំង​ពីរ ត្រូវបាន​អានលឺៗ​ទៅកាន់​មនុស្ស​ម្នា ដើម្បី​ប្រមូល​អារម្មណ៍​ពួកគេ​បញ្ចូល​ក្នុង​អត្ថបទ ធ្វើការ​បង្ហើយ​នូវ​មតិ​ឆ្លើយតប​ដែល​ត្រូវបាន​បញ្ចូល​ក្នុង​អត្ថបទ​ចុងក្រោយ​នៃ​សេចក្តី​ថ្លែងការណ៍​ទាំងពីរ។

អត្ថបទ​ចម្លង​នៃ​សេចក្តី​ថ្លែង​ការណ៍​ទាំង​ពីរ អាចរក​បាន​នៅក្នុង​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ។

ទោះជាសមាជ ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ការ​ដោយ​គ្មានការ​រារាំង​របស់​អាជ្ញាធរ​ក៏ដោយ ដែល​អាជ្ញាធរ​មួយ​ចំនួន​បាន​បង្ហាញ និង​បាន​យល់ព្រម​ឲ្យ​មាន​ព្រឹត្តិការណ៍ AGPA ជាមួយ​ហេតុផល​ដែល​បាន​ព្រម​ព្រៀង​គ្នា​រួចហើយ ក៏នៅ​កន្លែង​ផ្សេងទៀត​អាជ្ញាធរ​នៅតែ​មិនបាន​គោរព​សិទិ្ធ​សេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋឡើយ។ នៅភូមិ​ថ្មគោល​ដែល​នៅក្បែរ​របង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ អាជ្ញាធរ​បានចាប់​ខ្លួន​អ្នកភូមិ ៨នាក់ (ស្ត្រី ៦ បុរស ២ នាក់) ដែលពួក​គាត់​បាន​សរសេរ​អក្ស SOS  “រក​ជំនួយ”  នៅលើ​ដំបូល​ផ្ទះ​របស់​ពួកគេ ដោយ​សង្ឃឹម​ថាលោក​ប្រធានាធិបតី ប៉ារាក់​អូប៉ាម៉ា អាច​ឃើញ​នៅពេល​ដែល​គាត់មក​ដល់ នូវការ​ស្វែងរក​ជំនួយ និង​ការពារ​ពីការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ដែល​កំពុង​គម្រាម​កំហែង​ពួកគាត់។

លោក ហេង សុជាតិ អ្នក​រៀបចំ​ស្នូល​នៃ​សមាជ AGPA បាន​មាន​ប្រសាសន៍​ថា៖ “ស្របពេល​ដែល សមាជ AGPA បាន​កើត​ឡើង​ដោយមាន​ការជ្រៀត​ជ្រែក និង​រំខាន​បន្តិច​បន្ទួច​នោះ ក៏មាន​ការព្យាយាម​ជា​ច្រើន​ពី​ខាង​រាជរដ្ឋាភិបាល​ក្នុងការ​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​កោត​សសើរ​នៅមុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដែលជា​ការបន្ត​នូវ​គោល​នយោបាយ​របស់​ខ្លួន៖ “នៅឲ្យ​ស្ងៀម បើមិន​អញ្ជឹងទេ​យើងនឹង​ឃុំឃាំង​អ្នក” ប៉ុន្តែការ​ឃាត់ខ្លួន​ថ្មីៗ​នេះទៅ​លើអ្នក​តំណាង​សហគមន៍​ចំនួន ៨នាក់ ដែល​រស់នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ គឺជា​ការ​រំលឹក​មួយ​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែលមក​ប្រទេស​កម្ពុជា​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន ថាការ​រំលោភ​សិទិ្ធ​មនុស្ស គឺជា​ជំងឺ​មួយនៅ​កម្ពុជា”។

 

សមាជប្រជាជនអាស៊ាន

សេចក្តីថ្លែងការណ៍របស់ប្រជាជន

ថ្ងៃទី១៥ វិច្ឆិកា ២០១២

យើងខ្ញុំ​ទាំងអស់​គ្នា ដែល​ចូលរួម​ក្នុង​សមាជ​ប្រជាជន​អាស៊ាន ជា​កសិករ ប្រជា​នេសាទ សកម្មជន​ព្រៃឈើ សកម្មជន​ដីធ្លី ជនជាតិ ដើមភាគតិច អ្នកគាំទ្រ​លើស្រ្តី សកម្មជន​ការងារ អ្នក​បម្រើ​សេវា​ផ្លូវភេទ សកម្មជន​យុវជន សម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ សកម្មជន​ប្រឆាំង នឹង​មូលធន​និយម សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា សកម្មជន​ដែល​រង​ការ​ប៉ះពាល់​ពី គម្រោង​វារី​អគ្គីសនី សិល្បករ និង​អ្នកចម្រៀង។ យើងខ្ញុំ​មក​ចូលរួមគ្នា​នៅទីនេះ តាមរយៈ សម្ព័ន្ធ​ភាព​ថ្នាក់​តំបន់​និង​មិត្តិភក្តិ។ យើងខ្ញុំ​ធ្វើ​សមាជ​មិនមែន​ក្នុង​បំណង​ប្រឆាំង​រដ្ឋាភិបាល នោះទេ។ យើងខ្ញុំ​ជា​ប្រជាជន​ដែល​ស្នេហាសន្តិភាព និង​មាន​ប្តេជ្ញា​ចំពោះ​អហិង្សា​សកម្ម។ យើងខ្ញុំ​ជឿជាក់​លើ​សិទ្ធិ​មនុស្ស សិទ្ធិ​ពលរដ្ឋ និង​សេចក្តី​ថ្លៃថ្នូរ ដែលជា​ហេតុ​នាំអោយ យើង​ខ្ញុំ​បាន​រៀបចំ​សមាជ​នោះ​ឡើង។

សមាជ​របស់​យើងខ្ញុំ ត្រូវបាន​គ្រោង​ឡើង​ដើម្បី​លើក​ឡើង​នូវ​សម្លេង​របស់​ប្រជាជន និង​បញ្ហា​របស់​ពួកគាត់​ទៅដល់​រាជ​រដ្ឋាភិបាល​កម្ពុជា មេដឹកនាំ​ប្រជា​ជាតិ​អាស៊ាន ព្រមទាំង មេដឹកនាំ​អន្តរ​ជាតិ​ផ្សេងៗ​នៅមុន​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​១៨ ដល់​ថ្ងៃ២០​ខែ​វិច្ឆិកា ២០១២នេះ។

សមាជ​ប្រជាជន​អាស៊ាន គឺជាព្រឹត្តិការណ៍​រយៈពេល​បួនថ្ងៃ ដើម្បី​ប្រមូល​ផ្តុំ​ប្រជាជន នៅតាម​មូលដ្ឋាន ក្នុង​ស្មារតី​សាមគ្គីភាព​នឹង​គ្នា តស៊ូ​ដើម្បី​យុត្តិធម៌​សង្គម ជីវភាព​ប្រសើរ​ឡើង និង​ដើម្បី​ធ្វើអោយ​សង្គម​ប្រសើរ​ឡើង​សម្រាប់​គ្រប់ៗគ្នា។ យើងខ្ញុំ​ទាំងអស់​គ្នា​បាន​ចែក​រំលែក ផ្លាស់​ប្តូរ​បញ្ហា​គ្នា ហើយ​នាំគ្នា​ស្វែងរក​ដំណោះ​ស្រាយ។ យើងខ្ញុំ​ដឹងថា​នៅពេល​ប្រជាជន​និង រដ្ឋាភិបាល​នានា​រួមគ្នា​ធ្វើកិច្ចការ នោះគេ​នឹងអាច​រក​ឃើញ​នូវដំណោះ​ស្រាយ​ល្អៗ​និង យូរ​អង្វែង។ នេះហើយ​គឺជាគោលដៅ​សមាជ​របស់​យើងខ្ញុំ។

នៅថ្ងៃទី​១​នៃ​សមាជ​ប្រជាជន​អាស៊ាន យើងខ្ញុំ បានជួប​បញ្ហា​ការរាំង​ខ្ទប់​មក​លើ សេរីភាព​ធ្វើ​សមាជ​របស់​យើង។ ការរាំង​ខ្ទប់នេះ នៅ​តែបន្ត។ នៅថ្ងៃទី​២ យើង​ខ្ញុំ​បាន​ធ្វើ​កិច្ច ប្រជុំ​ផ្សេងៗ ដោយយើង​បានពិភាក្សា​គ្នា​អំពី​បញ្ហា​របស់​យើង​រួមគ្នា ដើម្បី​រៀបចំ​តាក់តែង សេចក្តី​ថ្លែង​ការណ៍​មួយនេះ យើងខ្ញុំ​បានជួប​បញ្ហា​បន្ថែម​ទៀត​ចំពោះ​ការ​ប៉ុនប៉ង​កៀប​សង្កត់ មកលើ​សេរីភាព​មូលដ្ឋាន​របស់​យើងខ្ញុំ គឺសេរីភាព​ប្រជុំគ្នា​និង​សេរីភាព​ចងក្រង គ្នា​ជា​សហគមន៍។ ក៏ប៉ុន្តែ​នៅថ្ងៃនេះ​យើង​ខ្ញុំ​នៅ​ទីនេះ និង​ប្រាថ្នា​ចង់​បង្ហាញ​ជូននូវ​ជីវិតពិត របស់​យើងខ្ញុំ និង​កម្លាំង​នៃសេចក្តី​សង្ឃឹម​និង​សុបិន្ត​សម្រាប់​អនាគត​របស់​យើងខ្ញុំ​នៅក្នុង ប្រទេស​កម្ពុជា និង​ក្នុង​សហគមន៍​អាស៊ាន។

ចំពោះ​មេដឹកនាំ​ទាំងអស់៖ យើងខ្ញុំ​កំពុង​ថ្លែង​ទៅកាន់​អស់លោក សូម​អស់​លោក​ស្តាប់ សម្លេង​របស់​យើងខ្ញុំ និង​ស្តាប់លឺ​បញ្ហា​របស់​យើង​ខ្ញុំ​ផង!

យើងខ្ញុំ​គឺជា​ប្រជាជន ជាផ្នែក​នៃ​ដំណោះ​ស្រាយ។ យើងខ្ញុំ​មិនមែន​ជាផ្នែក​បញ្ហាទេ។ យើងខ្ញុំ​ចង់រួម​ធ្វើ​កិច្ចការ​ជាមួយ​អស់​លោក​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​យើងខ្ញុំ។

អនុសាសន៍៖

១. វិស័យ​ការងារ (កម្មករ​ក្នុង​ប្រព័ន្ធ ក្រៅប្រព័ន្ធ និង​ពលករ​ចំណាក​ស្រុក)

  • យើងទាមទារអោយពង្រឹង​ការអនុវត្ត​ច្បាប់​ការងារ​ក្នុង​ប្រទេស​កម្ពុជា
  • យើងទាមទារសិទ្ធិសេរីភាព​ចង​ក្រង​បណ្តាញ​សហគមន៍​និង​ប្រជុំ​ដោយ​គ្មាន​ប្រឈម នឹង​អំពើ​ហិង្សា
  • យើងទាមទារប្រាក់ខែចិញ្ចឹមជីវិត​សមរម្យ​សម្រាប់​កម្មករ មន្ត្រី​រាជការ ដើម្បី​កែតម្រូវ ទៅ​តាម​អតិផរណា​ជា​ប្រចាំ
  • យើងទាមទារអោយមានសេវា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​តម្លាភាព ក្នុង​ប្រទេស​កម្ពុជា
  • យើងទាមទារអោយបញ្ចប់កិច្ចសន្យា​ការងារ​រយៈពេល​ខ្លី
  • យើងទាមទារការវិនិយោគដែល​ផ្តល់​លទ្ធភាព​ដល់​កម្មករ​ផ្នែក​ក្រៅ​ប្រព័ន្ធ ដើម្បី​លើក​ស្ទួយ​ជីវភាព​អោយ​បាន​សមរម្យ
  • យើងទាមទារការទទួលស្គាល់ និង​ការ​គោរព​ចំពោះ​សិទ្ធិ​ចចារគ្នា​របស់​កម្មករ​ផ្នែក​ក្រៅ ប្រព័ន្ធ
  • យើងទាមទាររបបបេឡាសន្តិសុខសង្គម​សម្រាប់​កម្មករ​ផ្នែក​ក្រៅ​ប្រព័ន្ធ
  • យើងទាមទារបញ្ចុះតម្លៃប្រេងសាំង​ក្នុង​ប្រទេស​កម្ពុជា​ដូច​ប្រទេស​ជិត​ខាង។
  • យើងទាមទារពលករចំណាកស្រុក​ទទួល​បាន​សិទ្ធិ​បង្កើត​និង​ចូលរួម​សហជីព
  • យើងទាមទាររដ្ឋាភិបាលអាស៊ានទាំង​អស់​សូម​អោយ​ទទួល​ស្គាល់​និង​ពង្រឹង​សិទ្ធិ មនុស្សរបស់ពលករចំណាកត្រូវមាន​សិទ្ធិ​ទទួល​បាន​ប្រាក់​បៀរវត្សន៍​ស្មើគ្នា និង​សេវា សាធារណៈ​ផ្សេងៗ​ទៀត​ដូច​នឹង​កម្មករ​ក្នុង​ស្រុក​ដែរ។
  • អ្នកបម្រើផ្លូវភេទទាមទារសេរីភាព​ចូលរួម​ក្នុង​ចលនា​សម្រាប់​ប្រជាជន​ទាំង​អស់​នៅក្នុង​សហគមន៍​អាស៊ាន
  • សេវាផ្លូវភេទក៏ជាការងារដែរ។ យើងត្រូវតែ​ផ្លាស់ប្តូរ​ច្បាប់​និង​គោល​នយោបាយ​នៅក្នុង​ប្រជាជាតិ​អាស៊ាន​ទាំងអស់ ដើម្បី​ការពារ​សិទ្ធិ​អ្នក​បម្រើ​ផ្លូវ​ភេទ​រួមទាំង​អ្នកបម្រើ​ផ្លូវភេទ ដូចគ្នា(LGBT​).
  • យើងខ្ញុំជាអ្នករត់​ម៉ូតូ​ឌុប តុតុ សូម​ទាមទារ​អោយ​បញ្ឈប់​ការ​ជួលកង់​និង​ម៉ូតូ​នៅទី កន្លែង​ទេសចរណ៍។

២. ដីធ្លី

  • យើងខ្ញុំសូមទាមទារឲ្យរាជរដ្ឋាភិបាល​វាយ​តម្លៃ និង​លើក​ឡើង​ជា​ថ្មី​នូវ​ផល​ប៉ះពាល់​អវិជ្ជ​មាន​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច
  • យើងខ្ញុំសូមទាមទារឲ្យបញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​អនុវត្ត​គោល​នយោបាយ​ការ​អភិវឌ្ឍន៍​នៅនឹង​កន្លែង
  • យើងខ្ញុំសូមទាមទារឲ្យបញ្ចប់ប្រព័ន្ធ​យុត្តិធម៌​ដែល​បោក​បញ្ឆោត និង​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​រដ្ឋ និង​បុគ្គល​មិនមែន​រដ្ឋ ដែល​ជាការ​ចោទ​ប្រកាន់​ជា​បទល្មើស​ឧក្រិដ្ឋ និង​វាយ​ប្រហារ​មកលើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស និង​សកម្មជន​ដីធ្លី
  • យើងខ្ញុំ ជាសមាជិកសហគមន៍ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ សូម​ទាមទារ​ឲ្យ​រាជរដ្ឋា​ភិបាល​ចេញដល់​យើងខ្ញុំ​នូវឯកសារ​ផ្លូវច្បាប់​នៃភាព​ជា​ពលរដ្ឋ​ផ្លូវការ​របស់រដ្ឋ (សៀវ​ភៅ​គ្រួសារ អត្ត​សញ្ញាណ​ប័ណ្ណ) ដូចនេះ​យើងអាច​ទទួល​បាន​កម្មសិទិ្ធ​ដីធ្លី និង​ទាមទារ​សំណង​ពីការ​យកដីធ្លី​របស់​យើង
  • យើងខ្ញុំសូមទាមទារឲ្យ​ដោះលែង​សកម្មជន​សិទិ្ធ​មនុស្ស និង​សកម្មជន​ដីធ្លី​ដែល​ជាប់​ក្នុង​ពន្ធ​នាគារ
  • យើងខ្ញុំសូមទាមទារឲ្យប្រទេសកម្ពុជា​គោរព​សិទិ្ធ​មនុស្ស លទិ្ធ​ប្រជាធិប​តេយ្យ និង​បញ្ឈប់​ការរើស​អើង​ប្រឆាំង​នឹង​អ្នកក្រ
  • យើងខ្ញុំសូមទាមទារឲ្យរាជរដ្ឋាភិបាល​បង្កើត​គោល​នយោ​បាយ និង​ច្បាប់​ទាក់ទង​នឹង​ដីធ្លី ធនធានរ៉ែ និង​ទំនប់​វារីអគ្គីសនី ដែល​បំរើ​ឲ្យ​ផល​ប្រយោជន៍​រាស្ត្រ
  • យើងខ្ញុំទាមទារឲ្យលុបចោលនូវ​គោល​នយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន
  • យើងខ្ញុំទាមទារឲ្យអាស៊ានបង្កើត​យន្តការ និង​គោល​នយោបាយ​នានា​សម្រាប់​ការ​បែង​ចែក​ដីធ្លី​ដល់​ប្រជាពលរដ្ឋ
  • យើងខ្ញុំសូមទាមទារឲ្យរដ្ឋាភិបាល​ប្រទេស​សមាជិក​អាស៊ាន​ការពារ​តំបន់​ដែល​សំបូរ​ដោយ​ធនធាន​ជីវចំរុះ
  • យើងខ្ញុំសូមទាមទារឲ្យការបង្កើត​គោល​នយោបាយ​នៅក្នុង​តំបន់​អាស៊ាន មានការ​គោរព និង​លើក​កំពស់ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ សិទិ្ធ​ប្រជាពលរដ្ឋ និង​មិន​ត្រូវ​បង្កើត​ឲ្យមាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ និង​រើសអើង​ប្រឆាំង​នឹង​អ្នក​ក្រទេ
  • យើងខ្ញុំស្នើសុំដល់រដ្ឋាភិបាលប្រទេស​សមាជិក​អាស៊ាន ឲ្យចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​រួម​ក្នុងការ​អំពាវ​នាវ​ឲ្យមាន​ដំណោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លី​នៅក្នុង​តំបន់​អាស៊ាន

៣. សន្តិសុខ និងអធិបតេយ្យភាពស្បៀង

  • យើងខ្ញុំទាមទារឲ្យមានទីផ្សារយុត្តិធម៌ និង​តម្លៃ​យុត្តិធម៌​សម្រាប់​ផលិត​ផល​របស់​យើង
  • យើងខ្ញុំទាមទារឲ្យមានឥណទាន​ទាប​ពីរាជ​រដ្ឋាភិបាល គឺ អត្រា​ការ​ប្រាក់ ២% ក្នុងមួយ​ឆ្នាំ
  • យើងខ្ញុំទាមទារឲ្យមានការគាំទ្រផ្នែក​បច្ចេក​ទេស​កសិកម្ម​ពី​រាជ​រដ្ឋាភិបាល
  • យើងខ្ញុំសូមបដិសេធច្បាប់ស្តីពីកសិកម្ម​ទាំង​ឡាយ​ណា​ដែល​ផ្ទុយពី​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ភូមិបាល​របស់​យើង
  • យើងខ្ញុំសូមទាមទារឲ្យមានច្បាប់ការពារ​អំណាច​នៃ​ការតថ្លៃ​រវាង​អ្នក​ផលិត​ផលិត​ផល​កសិកម្ម​តូច​តាច និង​ពាណិជ្ជករ/អ្នកទិញ

៤. ពាណិជ្ជកម្ម និងការវិនិយោគ

  • យើងខ្ញុំទាមទារឲ្យការអភិវឌ្ឍន៍គួរតែ​មិនមែន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ​នោះទេ
  • ពាណិជ្ជកម្ម និងការវិនិយោគ​គួរតែ​ជា​ដំបូង និង​សំខាន់​ពង្រឹង​នូវ​សេដ្ឋកិច្ច​ក្នុងតំបន់ ផលិត​ផល​ក្នុងតំបន់ សមត្ថភាព​ធនធាន​មនុស្ស និង​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ។ ប្រាក់​ចំណេញ​របស់​វិនិយោគិន គួរតែ​មិនត្រូវ​នៅមុខ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះទេ
  • យើងខ្ញុំសូមទាមទារឲ្យមាននូវ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​សុខភាព​ទូទាំង​ពិភពលោក និង​សម្រាប់​ប្រទេស​របស់​យើង​ក្នុងការ​មាន​សិទិ្ធ​ផលិត​ឱសថ​តាម​ប្រភេទ​ផ្ទាល់ខ្លួន
  • យើងខ្ញុំសូមជំរុញឲ្យរាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​ច្បាប់ និង​បទ​បញ្ជា​ដែល​ពង្រឹង​ដល់ គុណភាព​នៃការ​អប់រំ និង​ការងារ
  • រដ្ឋាភិបាលអាស៊ានគួរតែបង្កើត​សហគមន៍​ក្នុង​តំបន់​តាមរយៈ​ការ​កសាង​ប្រព័ន្ធ​យុត្តិធម៌ និង​សន្តិភាព មិនមែន​តាមរយៈ​ការ​ដកចេញ ការបំផ្លាញ និង​ការធ្វើ​អាជីវកម្ម​ជួញដូរ
  • រដ្ឋាភិបាលត្រូវតែធ្វើឲ្យជឿនលឿន​នូវ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​របស់​ពួកគេ និង​មិនត្រូវ​សហការណ៍​តែជាមួយ​ពួក​អភិជន​នោះទេ
  • គោលនយោបាយពាណិជ្ជកម្មជាតិ និង​ក្នុង​តំបន់ និង​ការ​វិនិយោគ ត្រូវតែ​លើក​កំពស់​អធិបតេយ្យ​ភាព​ស្បៀង ការងារ​សមរម្យ ការ​ការពារ​ធនធាន​ធម្មជាតិ និង​ជីវិត​រស់​ប្រ​កប​ដោយ​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ
  • ការបង្កើតគំរូរបស់រដ្ឋាភិបាលអាស៊ាន ត្រូវ​តែ​ត្រូវ​បាន​ប្តូរ​ទិស ដោយ​ដាក់​ប្រជាពលរដ្ឋ តុល្យភាព បរិស្ថាន និង​សង្គម នៅមុខ​ការ​សហការ និង​ផល​ប្រយោជន៍​របស់​អភិជន។

៥. សិទិ្ធមនុស្ស និងប្រជាធិបតេយ្យ

  • យើងខ្ញុំសូមទាមទារឲ្យប្រព័ន្ធ​តុលាការ​ឯករាជ្យ​នៅ​កម្ពុជា
  • យើងខ្ញុំសូមបដិសេធសេចក្តី​ថ្លែង​ការណ៍​សិទិ្ធ​មនុស្ស​អាស៊ាន​នៅក្នុង​ទម្រង់​បច្ចុប្បន្ន
  • យើងខ្ញុំសូមទាមទារឲ្យមាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ជន​ជាតិ​ភាគ​តិច
  • យើងខ្ញុំសូមទាមទារឲ្យមានច្បាប់ និង​គោល​នយោបាយ​ទាំងអស់ ដែល​ចោទ​ប្រកាន់​ជា​បទ​ឧក្រិដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​មកលើ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (SOGI) ត្រូវ​តែ​លុបចោល​ភ្លាម ហើយ សិទិ្ធ​របស់ LGBTIQ ត្រូវតែ​ទទួល​ស្គាល់​ជា​សិទិ្ធ​មនុស្ស ហើយ​ច្បាប់​ជាតិ គោល​នយោបាយ​នានា និង​ការអនុវត្ត ត្រូវតែ​ស្រប​តាម​គោលការណ៍ Yogyakarta។

Information

This entry was posted on November 16, 2012 by in ASSEMBLY, EVENTS, KHMER, PHNOM PENH.

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13, 2012
Together people are the power!