សមាជប្រជាជនអាស៊ាន

ASEAN Grassroots Peoples Assembly

ពលរដ្ឋ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បើក​សមាជ​ប្រជាជន​អាស៊ាន​ជា​លើក​ដំបូង

ពីវិទ្យុអាស៊ីសេរីថ្ងៃទី១៤ ខែវិចិ្ឆការ ឆ្នាំ២០១២

ដោយ សុ ជីវី

ពលរដ្ឋ ​ជាង ២ពាន់​នាក់ មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ជួប​ប្រជុំ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​សង្កាត់​ជ្រោយចង្វា ជាយ​រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ និង​អ្នក​សិល្បៈ​ចូល​រួម​សមាជ​ប្រជាជន​អាស៊ាន នៅ​ភោជនីយដ្ឋាន​ស្ទឹង​មាស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ពួក​គេ​ចាប់​ផ្ដើម​បើក​សមាជ​ប្រជាជន​អាស៊ាន ជា​លើក​ដំបូង​នៅ​កម្ពុជា ដែល​ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ទាម​ទារ​អោយ​មេ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ ជា​សមាជិក​អាស៊ាន យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ និង​បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ។

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស ​ជា​សមាជិក​អាស៊ាន ចាប់​ផ្ដើម​យុទ្ធនា​ការ​រួម​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​មុន​កិច្ច​ ប្រជុំ​កំពូល​អាស៊ាន គោល​ដៅ​ជំរុញ​អោយ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​កើត​មាន​ពិត​ប្រាកដ​នៅ​អាស៊ាន។

អគ្គលេខាធិការ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សំអ៊ន ដែល​ជា​អ្នក​សម្រប​សម្រួល​សមាជ​ប្រជាជន​អាស៊ាន មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ​មាន​រយៈ​ពេល ៤​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា។ លោក​បន្ត​ថា ពួក​គេ​មាន​គោល​បំណង​ចងក្រង​តម្រូវ​ការ​របស់​ពលរដ្ឋ​ដែល​មាន​បញ្ហា​ការ​ រំលោភ​សិទ្ធិ ដើម្បី​ដាក់​ជូន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី២១ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា។

សមាជ​ប្រជាជន​អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ដាញ​ពហុ​វិស័យ​នៅ​កម្ពុជា និង​ក្នុង​តំបន់។ ពួក​គេ​ជា​កសិករ អ្នក​នេសាទ សកម្មជន​ព្រៃ​ឈើ សកម្មជន​ដីធ្លី ប្រជាជន​ទី​ទាល់​ក្រ សកម្មជន​បញ្ហា​ស្ត្រី សកម្មជន​ពលកម្ម អ្នក​រក​ស៊ី​ផ្លូវ​ភេទ យុវវ័យ សកម្មជន​ដែល​ប្រឆាំង​នឹង​ការ​ដេញ​ចេញ សកម្មជន​ដែល​ប្រឆាំង​នឹង​មូលធន​និយម សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា សិល្បករ ជា​ដើម។

តំណាង​បណ្ដាញ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ក្នុង​ប្រទេស​ថៃ អ្នកស្រី ប្រាទីន មេកាវ៉ាកយ៉ាណុន (Pratin Wekawakyanon) ដែល​បាន​ចូល​រួម​សមាជ បាន​អោយ​ដឹង​ថា អ្នកស្រី​រំពឹង​ទុក​ថា សមាគម​អាស៊ាន​នឹង​ជួយ​ពួក​គាត់​ដែល​ជា​អ្នក​ក្រីក្រ ទទួល​បាន​សិទ្ធិ​រស់​នៅ​ពេញ​លេញ ដោយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​អោយ​ដោះ​ស្រាយ​ផ្ដល់​ដីធ្លី​ដែល​អាច​អោយ​ពួក​ គាត់​បាន​រស់​នៅ​សមរម្យ​មុន​ពេល​បណ្ដេញ​ចេញ។

ទាក់​ទិន​នឹង​គម្រោង​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សកម្មភាព​ពលរដ្ឋ​ក្នុង​ការ​ទាម​ទារ​ផ្សេងៗ គឺ​បង្ហាញ​ថា កម្ពុជា មាន​ដំណើរ​ការ​ល្អ​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។

បើ​ទោះ​ជា​យ៉ាង​ណា អ្នក​សម្រប​សម្រួល​កម្មវិធី​បញ្ជាក់​ថា មាន​ការ​លំបាក​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ចាប់​ ផ្ដើម​សមាជ​របស់​ពួក​គេ​នៅ​ក្នុង​ភោជនីយដ្ឋាន​ស្ទឹង​មាស ដូច​ជា​ការ​ផ្ដាច់​ចរន្ត​អគ្គិសនី ដែល​ពុំ​អាច​អោយ​ពួក​គេ​អាច​ពិភាក្សា​បាន​ងាយ​ស្រួល ដោយ​អាជ្ញាធរ​សង្កាត់​បាន​ទាម​ទារ​អោយ​ពួក​គេ​ត្រូវ​ពិភាក្សា​ដោយ​ ស្ងប់ស្ងៀម​ជា​ដើម៕

Link to khmer article: http://www.rfa.org/khmer/indepth/asean_grassroot_people_assembly-11142012015226.html

Information

This entry was posted on November 16, 2012 by in ASSEMBLY, KHMER, PHNOM PENH, Uncategorized, WORKSHOP.

Twitter Updates

Enter your email address to follow this blog and receive notifications of new posts by email.

Countdown to the Assembly!

ASEAN Grassroots Peoples AssemblyNovember 13th, 2012
Together people are the power!
%d bloggers like this: